22 គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ
23 ដូច្នេះចូរប្រយ័ត្នខ្លួនចុះ ក្រែងភ្លេចសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ
24 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។
25 កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
26 នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
27 ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ
28 ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ