24 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។
25 កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
26 នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
27 ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ
28 ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ
29 ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង
30 កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់