ចោទិយ‌កថា 4:25-31 KHOV

25 កាល​ណា​បាន​នៅ​ស្រុក​នោះ​ជា​យូរ‌អង្វែង ព្រម​ទាំង​បង្កើត​កូន​ចៅ ហើយ​បង្ខូច​ខ្លួន​ទៅ​ជា​ឆ្លាក់​ធ្វើ​រូប​មាន​រាង​ដូច​របស់​ណា​មួយ ក៏​ប្រព្រឹត្ត​ការ​អ្វី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

26 នោះ​អញ​អាង​ដល់​ស្ថាន‌សួគ៌ ហើយ​នឹង​ផែនដី ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា បន្តិច​ទៀត ឯង​រាល់​គ្នា​ត្រូវ​វិនាស​អស់​រលីង ចេញ​ពី​ស្រុក​ដែល​ឯង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ទទួល​យក​នោះ ជា​មិន​ខាន និង​ធ្វើ​ឲ្យ​នៅ​យូរ‌អង្វែង​ត​ទៅ​ទៀត​មិន​បាន គឺ​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់​គ្នា​វិញ

27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង​រាល់​គ្នា​ទៅ ឲ្យ​នៅ​គ្រប់​ទាំង​សាសន៍ ឯង​នឹង​នៅ​មាន​តែ​គ្នា​តិច ក្នុង​គ្រប់​ទាំង​នគរ ដែល​ព្រះ‌យេហូវ៉ា និង​នាំ​ឯង​ទៅ​នៅ​នោះ

28 ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ

29 ប៉ុន្តែ​នៅ​ទី​នោះ​ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង

30 កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់

31 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ឡើយ។