ចោទិយ‌កថា 4:28-34 KHOV

28 ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ

29 ប៉ុន្តែ​នៅ​ទី​នោះ​ឯង​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​នឹង​ឃើញ​ទ្រង់ ក្នុង​កាល​ដែល​រក​ទ្រង់​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​ឯង​ផង

30 កាល​ណា​ឯង​កើត​មាន​សេចក្ដី​វេទនា ហើយ​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​កើត​ឡើង​ដល់​ឯង នោះ​នៅ​គ្រា​ចុង​បំផុត ឯង​នឹង​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ ហើយ​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់

31 ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​សេចក្ដី​មេត្តា‌ករុណា ទ្រង់​មិន​ខាន​នឹង​ប្រោស​ឯង​ទេ ក៏​មិន​បំផ្លាញ​ឯង ឬ​ភ្លេច​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ឡើយ។

32 ចូរ​ស៊ើប‌សួរ​រក ពី​អស់​ទាំង​ថ្ងៃ​កន្លង​ទៅ​ហើយ​ដែល​មាន​តាំង​ពី​មុន​ឯង​មក គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ជើង​មេឃ​ម្ខាង​ទៅ​ដល់​ជើង​មេឃ​ម្ខាង​ផង តើ​ដែល​មាន​ការ​ដ៏​ធំ​យ៉ាង​នេះ ឬ​ដែល​មាន​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​អី

33 តើ​ដែល​មាន​សាសន៍​ណា​ឮ​ព្រះ‌សៀង​នៃ​ព្រះ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​ឯង​បាន​ឮ ហើយ​បាន​រស់​នៅ​ឬ​ទេ

34 ឬ​តើ​ដែល​មាន​ព្រះ​ណា​ប្រថុយ​ទៅ​យក​សាសន៍​១​សំរាប់​អង្គ​ទ្រង់ ពី​កណ្តាល​សាសន៍​១​ទៀត ដោយ‌សារ​ការ​ល្បង​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ចំបាំង ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ដោយ​ព្រះ‌ពាហុ​លើក​សំរេច ហើយ​ដោយ​ការ​គួរ​ស្ញែង‌ខ្លាច​ជា​ធំ ដូច​ជា​គ្រប់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ ជា​ប្រយោជន៍​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​ឃើញ​ផង​ឬ​ទេ