36 ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក
37 ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកអយ្យកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់
38 ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ
39 ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ
40 ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងបញ្ញត្តច្បាប់របស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ហើយឲ្យបានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឲ្យឯងបាននៅជាដរាប។
41 នៅគ្រានោះ ម៉ូសេក៏ញែកទីក្រុង៣នៅត្រើយទន្លេយ័រដាន់ ទិសខាងកើត
42 សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ