1 ម៉ូសេក៏ហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តដែលអញប្រាប់នៅត្រចៀកឯងរាល់គ្នាក្នុងថ្ងៃនេះចុះ ដើម្បីឲ្យបានរៀន ហើយប្រយ័ត្ននឹងប្រព្រឹត្តតាមទាំងអស់
2 ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់បានតាំងសេចក្ដីសញ្ញានឹងយើងនៅភ្នំហោរែប
3 ទ្រង់មិនបានតាំងសេចក្ដីសញ្ញានេះនឹងពួកអយ្យកោយើងទេ គឺបានតាំងនឹងខ្លួនយើងវិញ គឺនឹងយើងរាល់គ្នានេះហើយ ដែលសុទ្ធតែមានជីវិតរស់នៅសព្វថ្ងៃនេះ
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រទល់មុខនឹងឯង ពីកណ្តាលភ្លើងនៅលើភ្នំ
5 (នៅវេលានោះ អញបានឈរនៅជាកណ្តាលព្រះយេហូវ៉ានឹងឯងរាល់គ្នា ដើម្បីនឹងបង្ហាញប្រាប់ ពីព្រះបន្ទូលនៃទ្រង់ ដល់ឯងរាល់គ្នា ពីព្រោះឯងបានខ្លាចភ្លើងនោះ ហើយមិនបានឡើងទៅលើភ្នំនោះទេ)។
6 ទ្រង់មានព្រះបន្ទូលថា អញជាព្រះយេហូវ៉ា ជាព្រះនៃឯងដែលបាននាំឯងចេញពីផ្ទះបាវបំរើនៅស្រុកអេស៊ីព្ទមក។
7 កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ។