10 តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11 កុំឲ្យចេញព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12 ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13 ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ
14 តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សំរាកនៃព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសំរាកដូចជាឯងដែរ
15 ចូរនឹកចាំថា ឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ហេតុដូច្នេះបានជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សំរាកនេះ។
16 ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មក ដើម្បីឲ្យឯងបានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក។