ចោទិយ‌កថា 5:11-17 KHOV

11 កុំ​ឲ្យ​ចេញ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​រាប់​ជា​ឥត​ទោស ដល់​អ្នក​ណា​ដែល​ចេញ​ព្រះ‌នាម​ទ្រង់​ជា​អសារ​ឥត​ការ​នោះ​ទេ។

12 ចូរ​កាន់​ថ្ងៃ​ឈប់​សំរាក ដើម្បី​នឹង​ថែ​រក្សា​ឲ្យ​បាន​បរិសុទ្ធ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ហើយ

13 ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ

14 តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សំរាក​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សំរាក​ដូច​ជា​ឯង​ដែរ

15 ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សំរេច ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សំរាក​នេះ។

16 ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។

17 កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។