15 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់គង់នៅកណ្តាលពួកឯង ទ្រង់ជាព្រះប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ជាព្រះនៃឯង បានក្តៅឡើងទាស់នឹងឯង រួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅ។
16 កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ា ជាព្រះនៃឯងដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ
17 ត្រូវឲ្យកាន់អស់ពីចិត្ត តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងសេចក្ដីបន្ទាល់ និងច្បាប់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់មក
18 ក៏ត្រូវតែប្រព្រឹត្តការទៀងត្រង់ ហើយល្អនៅព្រះនេត្រព្រះយេហូវ៉ា ដើម្បីឲ្យបានសប្បាយ ហើយឲ្យបានចូលទៅទទួលយកស្រុកដ៏ល្អដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងថា
19 ទ្រង់នឹងបណ្តេញអស់ទាំងខ្មាំងសត្រូវពីមុខឯងចេញ ដូចជាព្រះយេហូវ៉ាបានសន្យាហើយ។
20 កាលណាដល់ថ្ងៃក្រោយ កូនឯងសួរថា អស់ទាំងទីបន្ទាល់ និងច្បាប់ ហើយបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃយើង បានបង្គាប់មក តើមានន័យដូចម្តេច
21 នោះត្រូវឲ្យឆ្លើយថា ពីដើមយើងរាល់គ្នាជាបាវបំរើរបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាទ្រង់បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា