2 ប្រយោជន៍ឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនេះ នៅអស់១ជីវិតរបស់ឯង និងកូនចៅឯងតរៀងទៅ ហើយឲ្យឯងបានអាយុជាយូរអង្វែងតទៅ
3 ដូច្នេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត្ន និងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចំរើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះហើយនឹងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯង បានសន្យានឹងឯងហើយ។
4 ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់
5 ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
6 សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ
7 ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
8 ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង