ចោទិយ‌កថា 7:1-6 KHOV

1 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ត្រូវ​ចូល​ទៅ​ទទួល​យក​នោះ ហើយ​ទ្រង់​បាន​ដេញ​សាសន៍​ជា​ច្រើន ពី​មុខ​ឯង​ចេញ គឺ​ជា​សាសន៍​ហេត សាសន៍​គើកាស៊ី សាសន៍​អាម៉ូរី សាសន៍​កាណាន សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ទាំង​៧​សាសន៍​នោះ​ដែល​ធំ ហើយ​ពូកែ​ជាង​ឯង

2 កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រគល់​សាសន៍​ទាំង​នោះ​មក​ឯង ហើយ​ឯង​បាន​ឈ្នះ​គេ នោះ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ មិន​ត្រូវ​តាំង​សញ្ញា​នឹង​គេ ឬ​អាណិត​មេត្តា​ដល់​គេ​ឡើយ

3 ក៏​មិន​ត្រូវ​រៀប‌ការ​ជា​មួយ​នឹង​គេ ឬ​ឲ្យ​កូន​ស្រី​ឯង​ទៅ​កូន​ប្រុស​គេ ហើយ​យក​កូន​ស្រី​គេ​មក​ឲ្យ​កូន​ប្រុស​ឯង​នោះ​ដែរ

4 ដ្បិត​គេ​នឹង​បង្វែរ​កូន​ឯង​ពី​អញ​ចេញ ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ យ៉ាង​នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​កាត់​ឡើង​ទាស់​នឹង​ឯង​រាល់​គ្នា ហើយ​ទ្រង់​នឹង​បំផ្លាញ​ឯង​ចេញ​ជា​ឆាប់

5 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព ហើយ​បំផ្លាញ​អ្នក‌តា ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នៅ​ក្នុង​ភ្លើង​ទៅ

6 ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​យក​ឯង ឲ្យ​បាន​ជា​របស់​ផង​ទ្រង់ លើស​ជាង​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ផង។