12 បើសិនណា ជាឯងរាល់គ្នានឹងស្តាប់តាមអស់ទាំងបញ្ញត្តទាំងនេះ ព្រមទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះឯង ជាសេចក្ដីដែលទ្រង់បានស្បថនឹងពួកអយ្យកោនៃឯង
13 ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក និងផលពីដីឯងផង គឺជាស្រូវ និងទឹកទំពាំងបាយជូរហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោថា ទ្រង់នឹងឲ្យដល់ឯង
14 ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ
15 ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺ ដ៏អាក្រក់ណាមួយ របស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ
16 ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។
17 បើសិនជាឯងនឹកក្នុងចិត្តថា សាសន៍ទាំងនេះគេមានគ្នាច្រើនជាងអញ ធ្វើដូចម្តេចឲ្យអញចាប់យកស្រុករបស់គេបាន
18 នោះកុំឲ្យខ្លាចឡើយ ចូរនឹកតែពីអស់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើដល់ផារ៉ោន ហើយដល់ស្រុកអេស៊ីព្ទទាំងមូលប៉ុណ្ណោះចុះ