ចោទិយ‌កថា 7:19-25 KHOV

19 គឺ​ពី​ការ​ល្បង‌ល​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ និង​ទី​សំគាល់ ហើយ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន និង​ពី​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​នឹង​ព្រះ‌ពាហុ​លើក​សំរេច ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រើ ដើម្បី​នឹង​នាំ​ឯង​ចេញ​មក​នោះ គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ធ្វើ​ដល់​គ្រប់​អស់​ទាំង​សាសន៍ ដែល​ឯង​ខ្លាច​នោះ​ដែរ

20 មួយ​ទៀត ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចាត់​ឪម៉ាល់ទៅ​កណ្តាល​គេ ទាល់​តែ​ពួក​គេ​ដែល​សល់​នៅ​ហើយ​ពួន​នឹង​ឯង បាន​វិនាស​ចេញ​អស់​ទៅ

21 មិន​ត្រូវ​ឲ្យ​ឯង​ភ័យ​ខ្លាច ដោយ​ព្រោះ​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ជា​ព្រះ​ដ៏​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច ទ្រង់​គង់​កណ្តាល​ពួក​ឯង​ហើយ

22 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តេញ​សាសន៍​ទាំង​នោះ ចេញ​ពី​មុខ​ឯង​បន្តិច​ម្តងៗ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បំផ្លាញ​គេ​ទាំង​អស់ ដោយ​រហ័ស​ពេក​ឡើយ ក្រែង​សត្វ​ព្រៃ​ចំរើន​ឡើង​ដល់​ឯង​វិញ

23 ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រគល់​គេ​មក​ឯង ហើយ​នឹង​កំចាត់‌កំចាយ​គេ ដោយ​សេចក្ដី​បាក់​ភ្លូក​យ៉ាង​សំបើម ទាល់​តែ​គេ​វិនាស​បាត់​អស់​ទៅ

24 ហើយ​ទ្រង់​នឹង​ប្រគល់​ពួក​ស្តេច​គេ​មក ក្នុង​កណ្តាប់​ដៃ​ឯង​ដែរ នោះ​ឯង​នឹង​ធ្វើ​ឲ្យ​ឈ្មោះ​គេ​រលាយ​បាត់​ពី​ក្រោម​មេឃ​ចេញ នឹង​គ្មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ឯង​បាន​ឡើយ ដរាប​ដល់​ឯង​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ

25 ត្រូវ​ឲ្យ​ឯង​ដុត​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ​ចេញ មិន​ត្រូវ​ឲ្យ​ស្តាយ​ប្រាក់​ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​សំរាប់​ខ្លួន​ដែរ ក្រែង​លោ​ឯង​ជាប់​អន្ទាក់​យ៉ាង​នោះ ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង