ចោទិយ‌កថា 9:10-16 KHOV

10 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ​មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ

11 លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា

12 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សំរាប់​គេ​ហើយ

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា

14 ឈប់​សិន ចាំ​អញ​នឹង​បំផ្លាញ​គេ​ចេញ ព្រម​ទាំង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ទៅ រួច​អញ​នឹង​យក​ឯង បង្កើត​ឡើង​ជា​សាសន៍​១​ដ៏​ខ្លាំង​ពូកែ ហើយ​មាន​គ្នា​ច្រើន​ជាង​គេ​ទៅ​ទៀត

15 ដូច្នេះ​អញ​បាន​វិល​ចុះ​ពី​ភ្នំ​មក មាន​បន្ទះ​ថ្ម​ទាំង​២​នៃ​សេចក្ដី​សញ្ញា កាន់​នៅ​ដៃ​ទាំង​សង​ខាង​ផង ឯ​ភ្នំ​ក៏​មាន​សុទ្ធ​តែ​ភ្លើង​ឆេះ​នៅ

16 អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់