ចោទិយ‌កថា 9:16-22 KHOV

16 អញ​ក៏​ក្រឡេក​មើល​ទៅ​ឃើញ​ថា ឯង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ ដោយ​បាន​សិត​ធ្វើ​រូប​កូន​គោ​១ ឯង​បាន​ប្រញាប់​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ឯង​ណាស់

17 នោះ​អញ​បាន​ចាប់​យក​ថ្ម​ទាំង​២​ផ្ទាំង បោះ​ពី​ដៃ​អញ​បំបែក​ចោល​ទៅ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា។

18 រួច​អញ​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជាន់​មុន ឥត​មាន​បរិភោគ ឬ​ផឹក​ទឹក​សោះ​ឡើយ ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ ដោយ​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើង

19 ដ្បិត​អញ​បាន​ភ័យ​ខ្លាច​ចំពោះ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃោរ‌ឃៅ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​នោះ​ណាស់ ហើយ​នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​អញ

20 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់​នឹង​អើរ៉ុន​ជា​ខ្លាំង ដល់​ទៅ​ចង់​បំផ្លាញ​លោក​ដែរ តែ​អញ​បាន​សូម​អង្វរ​ឲ្យ​លោក នៅ​វេលា​នោះ​ឯង

21 រួច​អញ​បាន​យក​រូប​កូន​គោ ដែល​ឯង​រាល់​គ្នា​បាន​ធ្វើ គឺ​ជា​អំពើ​បាប​របស់​ឯង​នោះ ទៅ​ដុត​នឹង​ភ្លើង រួច​ផែ​ហើយ​កិន​កំទេច ទាល់​តែ​ម៉ដ្ត​ដូច​ធូលី​ទៅ ក៏​បាច‌សាច​ធូលី​នោះ ទៅ​ក្នុង​ជ្រោះ​ទឹក​ដែល​ហូរ​ចុះ​ពី​ភ្នំ​មក។

22 កាល​នៅ​ត្រង់​តាបេរ៉ា ត្រង់​ម៉ាសា ហើយ​ត្រង់​គីប្រុត-ហាតាវ៉ា នោះ​ឯង​រាល់​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ក្រោធ​ទៀត