ចោទិយ‌កថា 9:7-13 KHOV

7 ចូរ​នឹក​ចាំ កុំ​ឲ្យ​ភ្លេច​ឡើយ ថា​ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មាន​សេចក្ដី​ក្រោធ នៅ​ត្រង់​ទី​រហោ‌ស្ថាន ហើយ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ចេះ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ដរាប

8 នៅ​ត្រង់​ភ្នំ​ហោរែប​ក៏​ដែរ ឯង​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ខ្ញាល់ ដល់​ទៅ​ចង់​បំផ្លាញ​ឯង​ចេញ​ផង

9 ក្នុង​គ្រា​ដែល​អញ​បាន​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​នឹង​ទទួល​បន្ទះ​ថ្ម ជា​បន្ទះ​មាន​កត់​ចុះ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​ឯង​រាល់​គ្នា នោះ​អញ​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ឥត​មាន​បរិភោគ​អាហារ ឬ​ផឹក​ទឹក​សោះ

10 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង ដែល​សរសេរ​ដោយ​អង្គុលី​ព្រះ‌ហស្ត​នៃ​ទ្រង់​នៅ​ថ្ម​ទាំង​២​នោះ​មាន​កត់​ចុះ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង​រាល់​គ្នា ពី​កណ្តាល​ភ្លើង​នៅ​លើ​ភ្នំ នា​ថ្ងៃ​ដែល​ប្រជុំ​គ្នា​នោះ

11 លុះ​ដល់​ផុត​៤០​ថ្ងៃ​៤០​យប់​នោះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រទាន​បន្ទះ​ថ្ម​ទាំង​២​ផ្ទាំង​នោះ​ដល់​អញ គឺ​ជា​បន្ទះ​នៃ​សេចក្ដី​សញ្ញា

12 រួច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ប្រាប់​អញ​ថា ចូរ​ក្រោក​ឡើង ចុះ​ពី​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​ពួក​ជន​ដែល​ឯង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​បាន​បង្ខូច​ចិត្ត​អស់​ហើយ គេ​រហ័ស​នឹង​បែរ​ចេញ​ពី​ផ្លូវ​ដែល​អញ​បាន​បង្គាប់​គេ ក៏​បាន​សិត​ធ្វើ​រូប​ព្រះ​សំរាប់​គេ​ហើយ

13 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ទៀត​ថា អញ​បាន​រំពឹង​មើល​ឃើញ​ថា សាសន៍​នេះ​គេ​មាន​ក្បាល​រឹង​ទាំង​អស់​គ្នា