13 ឈាមនោះនឹងបានជាទីសំគាល់សំរាប់ឯងរាល់គ្នានៅផ្ទះណាដែលឯងរាល់គ្នាអាស្រ័យនៅ កាលផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្ដីវេទនាណាបំផ្លាញឯងរាល់គ្នា ក្នុងវេលាដែលអញវាយស្រុកអេស៊ីព្ទនោះឡើយ
14 ថ្ងៃនេះនឹងបានជាសេចក្ដីរំឭកដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាកាន់ថ្ងៃនេះជាបុណ្យថ្វាយព្រះយេហូវ៉ា គឺត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណររៀងរាបតទៅ។
15 ក្នុងរវាង៧ថ្ងៃ ឯងរាល់គ្នាត្រូវតែបរិភោគនំបុ័ងឥតដំបែ ចាប់តាំងពីថ្ងៃដំបូង នោះត្រូវយកដំបែពីផ្ទះចេញ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់តាំងពីថ្ងៃជាដំបូងរហូតដល់ថ្ងៃទី៧ អ្នកនោះនឹងត្រូវកាត់ពីសាសន៍អ៊ីស្រាអែលចេញ
16 នៅថ្ងៃដំបូង ឯងរាល់គ្នាត្រូវប្រជុំជំនុំបរិសុទ្ធ ហើយដល់ថ្ងៃទី៧ នោះក៏ត្រូវប្រជុំជំនុំបរិសុទ្ធទៀត នៅថ្ងៃទាំងនោះ មិនត្រូវឲ្យធ្វើការអ្វីសោះឡើយ ធ្វើបានតែម្ហូបដែលត្រូវបរិភោគប៉ុណ្ណោះ
17 ត្រូវឲ្យឯងរាល់គ្នាកាន់បុណ្យនំបុ័ងឥតដំបែនេះ ដ្បិតគឺនៅថ្ងៃនេះឯងដែលអញបាននាំពួកកងរបស់ឯងរាល់គ្នា ចេញពីស្រុកអេស៊ីព្ទមក បានជាត្រូវកាន់ថ្ងៃនេះទុកជាច្បាប់ជាដរាបនៅអស់ទាំងដំណរៀងរាបតទៅ
18 នៅថ្ងៃ១៤ខែដំបូង នោះពីល្ងាច ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែ ដរាបដល់ល្ងាចថ្ងៃ២១ខែនោះ
19 ក្នុងរវាង៧ថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះឯងរាល់គ្នាទេ ដ្បិតអ្នកណាដែលបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ពីពួកជំនុំសាសន៍អ៊ីស្រាអែលចេញ ទោះបើជាអ្នកប្រទេសក្រៅឬជាអ្នកស្រុកក្តី