និក្ខមនំ 12:24-30 KHOV

24 ដូច្នេះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សំរាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​ត​រៀង​ទៅ

25 កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន

26 បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច

27 នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ

28 ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។

29 រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង

30 ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សំរែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ