30 ផារ៉ោនទ្រង់ក៏តើនឡើងទាំងយប់ ព្រមទាំងពួកមហាតលិកទ្រង់ និងពួកសាសន៍អេស៊ីព្ទទាំងអស់គ្នា នោះក៏ឮសំរែកទ្រហោយំនៅក្នុងស្រុកអេស៊ីព្ទ ដ្បិតគ្មានផ្ទះឯណាមួយដែលមិនមានម្នាក់ស្លាប់នោះទេ
31 ផារ៉ោនទ្រង់មានព្រះបន្ទូលហៅម៉ូសេ និងអើរ៉ុនមកទាំងយប់ប្រាប់ថា ចូរឯងរាល់គ្នាក្រោកឡើងនាំគ្នាចេញពីកណ្តាលរាស្ត្រអញនេះទៅ ព្រមទាំងកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង ចូរទៅថ្វាយបង្គំដល់ព្រះយេហូវ៉ា ដូចជាឯងរាល់គ្នាបានសូមនោះចុះ
32 ចូរនាំទាំងហ្វូងចៀមហ្វូងគោទៅផង ដូចជាបានសូមហើយ ទៅចុះ ហើយសូមឲ្យពរដល់អញផង
33 ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
34 ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ
35 ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
36 ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។