33 ពួកសាសន៍អេស៊ីព្ទក៏បង្ខំពួកអ៊ីស្រាអែលឲ្យចេញពីស្រុកទៅជាប្រញាប់ ដោយពាក្យថា យើងស្លាប់ទាំងអស់គ្នាហើយ
34 ពួកកូនចៅអ៊ីស្រាអែលក៏យកម្សៅដែលមិនទាន់ដាក់ដំបែ និងស្នាចសំរាប់លាយម្សៅរុំក្នុងអាវគេលីទៅ
35 ក៏ធ្វើតាមបង្គាប់ម៉ូសេ គឺគេសូមគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
36 ហើយព្រះយេហូវ៉ា ទ្រង់ក៏ធ្វើឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រកបដោយគុណនៃសាសន៍អេស៊ីព្ទ ដល់ម៉្លេះបានជាគេចែកឲ្យតាមដែលសូម យ៉ាងនោះគេក៏បង្ហិនបង្ហោចដល់ពួកសាសន៍អេស៊ីព្ទ។
37 ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ
38 ក៏មានមនុស្សសន្ធឹកគ្រប់បែបឡើងទៅជាមួយដែរ ព្រមទាំងហ្វូងចៀមហ្វូងគោគេ ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់
39 គេនាំគ្នាយកម្សៅ ដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយទេ ពីព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះឥតមានឲ្យបង្អែបង្អង់បានទេ បានជាគេមិនបានធ្វើម្ហូបម្ហាសំរាប់តាមផ្លូវឡើយ។