37 ពួកកូនចៅអ៊ីស្រាអែល គេចេញពីស្រុករ៉ាមសេសដើរដោយជើងទៅដល់សិកូត មានមនុស្សប្រុសៗចំនួន៦សែននាក់ឥតរាប់កូនក្មេងឡើយ
38 ក៏មានមនុស្សសន្ធឹកគ្រប់បែបឡើងទៅជាមួយដែរ ព្រមទាំងហ្វូងចៀមហ្វូងគោគេ ជាហ្វូងសត្វមានប្រមាណសន្ធឹកណាស់
39 គេនាំគ្នាយកម្សៅ ដែលយកពីស្រុកអេស៊ីព្ទមក ទៅដុតធ្វើជានំឥតដំបែ ដ្បិតមិនទាន់បានដាក់ដំបែនៅឡើយទេ ពីព្រោះពេលដែលគេត្រូវបណ្តេញចេញពីស្រុកអេស៊ីព្ទមក នោះឥតមានឲ្យបង្អែបង្អង់បានទេ បានជាគេមិនបានធ្វើម្ហូបម្ហាសំរាប់តាមផ្លូវឡើយ។
40 រីឯវេលា ដែលពួកកូនចៅអ៊ីស្រាអែលនៅស្រុកអេស៊ីព្ទ នោះបាន៤៣០ឆ្នាំ
41 រួចដល់ផុតពី៤៣០ឆ្នាំនោះទៅ នៅថ្ងៃដដែលនោះឯង ពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទទៅ
42 គឺជាយប់១ដែលត្រូវកាន់យ៉ាងសំខាន់ចំពោះព្រះយេហូវ៉ា ដោយព្រោះទ្រង់បាននាំគេចេញពីស្រុកអេស៊ីព្ទមក យប់នោះឯងជាយប់ដែលពួកកូនចៅអ៊ីស្រាអែលទាំងអស់ ត្រូវកាន់យ៉ាងសំខាន់ នៅចំពោះព្រះយេហូវ៉ា នៅអស់ទាំងដំណគេតរៀងទៅ។
43 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា នេះជាច្បាប់សំរាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះឡើយ