43 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា នេះជាច្បាប់សំរាប់បុណ្យរំលង គឺមិនត្រូវឲ្យអ្នកប្រទេសក្រៅណាបរិភោគបុណ្យនេះឡើយ
44 តែអស់ទាំងបាវបំរើដែលឯងរាល់គ្នាទិញនឹងប្រាក់មក បើកាលណាបានកាត់ស្បែកឲ្យហើយ នោះឲ្យគេបរិភោគទៅបាន
45 ឯអ្នកប្រទេសក្រៅឬជើងឈ្នួល នោះមិនត្រូវបរិភោគទេ
46 ត្រូវឲ្យបរិភោគនៅក្នុងផ្ទះតែ១ មិនត្រូវយកសាច់ចេញទៅក្រៅផ្ទះឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយផង
47 ត្រូវឲ្យពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាធ្វើបុណ្យនេះ
48 បើមានអ្នកប្រទេសក្រៅណាមួយមកនៅជាមួយនឹងឯងរាល់គ្នា ហើយចង់ធ្វើបុណ្យរំលងនេះថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យពួកប្រុសៗរបស់គេទទួលកាត់ស្បែកសិន ទើបនឹងចូលមកធ្វើបាន យ៉ាងនេះគេនឹងបានដូចជាអ្នកស្រុកដែរ តែអ្នកឯណាដែលមិនបានកាត់ស្បែកសោះ នោះនឹងបរិភោគបុណ្យនេះមិនបានឡើយ
49 មានច្បាប់តែ១ប៉ុណ្ណោះ សំរាប់ពួកអ្នកស្រុក ហើយនឹងពួកអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាដែរ។