4 នោះអញនឹងបណ្តាលឲ្យផារ៉ោនមានចិត្តរឹងទទឹងឡើង ហើយទ្រង់នឹងដេញតាម តែអញនឹងបានកិត្តិសព្ទ ដោយសារផារ៉ោន និងពួកទ័ពទ្រង់ទាំងប៉ុន្មាន ហើយពួកសាសន៍អេស៊ីព្ទនឹងដឹងថា អញជាព្រះយេហូវ៉ាពិត គេក៏ធ្វើសំរេចដូច្នោះ។
5 មានគេទូលដល់ស្តេចអេស៊ីព្ទថា ពួកអ៊ីស្រាអែលបានរត់រួចទៅហើយ នោះផារ៉ោន និងពួកមហាតលិកទ្រង់ក៏ប្រែគំនិតពីដំណើរគេឡើងវិញ ហើយពោលថា តើយើងបានធ្វើអ្វី នឹងឲ្យពួកអ៊ីស្រាអែលចេញទៅរួចពីការបំរើយើងដូច្នេះ
6 នោះស្រាប់តែទ្រង់ទឹមរាជរថ ព្រមទាំងនាំពួកពលទៅជាមួយផង
7 ទ្រង់រើសយករទេះចំបាំងបាន៦០០ ហើយក៏យកអស់ទាំងរទេះចំបាំងនៅស្រុកអេស៊ីព្ទផង គ្រប់ទាំងរទេះទាំងនោះសុទ្ធតែមានមេទ័ពត្រួតត្រាការ
8 ឯព្រះយេហូវ៉ាទ្រង់ក៏បណ្តាលឲ្យផារ៉ោនជាស្តេចអេស៊ីព្ទមានព្រះទ័យរឹងទទឹងឡើង ហើយស្តេចក៏ដេញតាមពួកកូនចៅអ៊ីស្រាអែល តែពួកកូនចៅអ៊ីស្រាអែលគេបានចេញទៅដោយមានជ័យជំនះ
9 ពួកសាសន៍អេស៊ីព្ទក៏ដេញតាមទៅ មានទាំងសេះទាំងរាជរថរបស់ផារ៉ោន ទាំងពួកពលសេះ ហើយនឹងពួកពលថ្មើរជើងរបស់ទ្រង់ទាំងអស់ បានទាន់គេនៅត្រង់ទីដំឡើងត្រសាល ក្បែរសមុទ្រដែលជិតនឹងពីហាហីរ៉ុថ ទល់មុខនឹងបាល-សេផុន។
10 កាលផារ៉ោនចូលទៅជិត នោះពួកកូនចៅអ៊ីស្រាអែល គេងើបភ្នែកឡើង ឃើញពួកសាសន៍អេស៊ីព្ទមកតាមដូច្នោះ ក៏មានសេចក្ដីតក់ស្លុតជាខ្លាំង ហើយស្រែកអំពាវនាវដល់ព្រះយេហូវ៉ា