និក្ខមនំ 15:11-17 KHOV

11 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

12 ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ

13 ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី

14 គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

15 ពួក​មេ​នៃ​សាសន៍​អេដំម​មាន​សេចក្ដី​ភាន់‌ភាំង អស់​ទាំង​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់​ក៏​មាន​សេចក្ដី​ភ័យ​ញ័រ ហើយ​អស់​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​កាណាន​ក៏​ស្លុត​ចិត្ត

16 សេចក្ដី​ស្ញែង‌ខ្លាច​នឹង​សេចក្ដី​ថប់​បារម្ភ​ក៏​គ្រប​សង្កត់​លើ​គេ​ទាំង​អស់ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​អំណាច​ព្រះ‌ហស្ត​ទ្រង់ ទាល់​តែ​រាស្ត្រ​ទ្រង់​បាន​ទៅ​ហួស ឱ​ព្រះ‌យេហូវ៉ា គឺ​ទាល់​តែ​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​បាន​ទៅ​បាត់​ហើយ

17 ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​នាំ​គេ​ចូល​ទៅ​ដាំ​នៅ​លើ​ភ្នំ​ជា​មរដក​របស់​ទ្រង់ ជា​ទី​កន្លែង​ដែល​ទ្រង់​រៀប‌ចំ​ទុក​ជា​ទី​លំនៅ​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ គឺ​ជា​ទី​បរិសុទ្ធ​ដែល​ព្រះ‌ហស្ត​ទ្រង់​បាន​សាង