16 សេចក្ដីស្ញែងខ្លាចនឹងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ
17 ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង
18 ព្រះយេហូវ៉ា ទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច
19 ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលរបស់ទ្រង់ដែលជិះដោយទៅផង ហើយព្រះយេហូវ៉ាទ្រង់បានឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែពួកកូនចៅអ៊ីស្រាអែលបានដើរកណ្តាលសមុទ្រតាមដីគោកវិញ។
20 ឯហោរាម៉ារាម ជាបងស្រីរបស់អើរ៉ុន នាងក៏យកក្រាប់មកនៅដៃ ហើយបណ្តាស្ត្រីទាំងអស់គ្នាក៏ទៅតាមទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេងកញ្ឆាត់ផង
21 ម៉ារាមនាងក៏ទទួលពាក្យឆ្លើយនឹងគេថា ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជំនះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ។
22 ម៉ូសេក៏នាំពួកអ៊ីស្រាអែល ពីសមុទ្រក្រហមទៅ ហើយគេចេញទៅឯទីរហោស្ថានស៊ើរ គេដើរក្នុងទីរហោស្ថានអស់៣ថ្ងៃ មិនឃើញមានទឹកសោះ