និក្ខមនំ 15:8-14 KHOV

8 ហើយ​ដោយ‌សារ​កំឡាំង​ខ្យល់​ពី​ព្រះ‌នាសា​ទ្រង់ នោះ​ទឹក​ត្រូវ​គរ​ជា​គំនរ​ឡើង ទឹក​ធំ​បាន​ពូន​ឡើង​ដូច​ជា​កំផែង អស់​ទាំង​ទី​ជំរៅ​ក៏​បាន​កក​ខះ​នៅ​នា​សមុទ្រ

9 ឯ​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ថា អញ​នឹង​ដេញ​តាម អញ​នឹង​បាន​ទាន់ អញ​នឹង​ចែក​របឹប អញ​នឹង​បំពេញ​ចិត្ត​ដោយ‌សារ​គេ អញ​នឹង​ហូត​ដាវ ហើយ​ដៃ​អញ​នឹង​កាប់​បំផ្លាញ​គេ

10 តែ​ទ្រង់​បាន​ផ្លុំ​ដោយ​ខ្យល់​ដង្ហើម​ទ្រង់ នោះ​សមុទ្រ​ក៏​គ្រប​លើ​គេ​វិញ ហើយ​គេ​ត្រូវ​លិច​ចុះ​ទៅ​ក្នុង​ទឹក​ធំ​ដូច​ជា​សំណ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មាន​ព្រះ​ឯ​ណា​ឲ្យ​ដូច​ទ្រង់ តើ​មាន​អ្នក​ឯ​ណា​ដែល​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​វិសេស​ដូច​ទ្រង់ ដែល​គួរ​សរសើរ‌ដំកើង ហើយ​ក៏​ធ្វើ​ការ​អស្ចារ្យ​ផង

12 ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្តាំ​ឡើង នោះ​ដី​ក៏​ស្រូប​គេ​បាត់​ទៅ

13 ដោយ‌សារ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នោះ​ទ្រង់​បាន​នាំ​រាស្ត្រ​ដែល​ទ្រង់​លោះ គឺ​បាន​នាំ​គេ​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ដោយ​ព្រះ‌បារមី

14 គ្រប់​ទាំង​សាសន៍​បាន​ឮ ហើយ​ក៏​ញាប់‌ញ័រ ឯ​ពួក​សាសន៍​ភីលីស្ទីន គេ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច