12 អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។
13 លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ
14 កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី
15 កាលពួកកូនចៅអ៊ីស្រាអែលបានឃើញ នោះគេនិយាយគ្នាថា នេះជាអ្វីហ្ន ដ្បិតគេមិនស្គាល់ជាអ្វីទេ រួចម៉ូសេប្រាប់ថា នេះគឺជានំបុ័ងដែលព្រះយេហូវ៉ា ទ្រង់ប្រទានមកអ្នករាល់គ្នា ទុកជាអាហារហើយ
16 នេះហើយ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក គឺឲ្យអ្នករាល់គ្នារើសយកល្មមតែនឹងបរិភោគឆ្អែតគ្រប់គ្នាចុះ គឺជា១ខ្ញឹងម្នាក់ តាមចំនួនពួកអ្នករាល់គ្នា គ្រប់គ្នាត្រូវយកឲ្យល្មមដល់ពួកអ្នកដែលនៅត្រសាលរបស់ខ្លួន
17 ពួកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ខ្លះរើសបានច្រើនខ្លះបានតិច
18 តែកាលគេយកខ្ញឹងមកវាល់ នោះអ្នកដែលរើសបានច្រើនក៏គ្មានលើសទេ ហើយអ្នកណារើសបានតិចក៏មិនខ្វះដែរ គ្រប់គ្នាមានល្មមតែបរិភោគឆ្អែតប៉ុណ្ណោះ