និក្ខមនំ 16:15-21 KHOV

15 កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​អ្វី​ហ្ន ដ្បិត​គេ​មិន​ស្គាល់​ជា​អ្វី​ទេ រួច​ម៉ូសេ​ប្រាប់​ថា នេះ​គឺ​ជា​នំបុ័ង​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​មក​អ្នក​រាល់​គ្នា ទុក​ជា​អាហារ​ហើយ

16 នេះ​ហើយ ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ឲ្យ​អ្នក​រាល់​គ្នា​រើស​យក​ល្មម​តែ​នឹង​បរិភោគ​ឆ្អែត​គ្រប់​គ្នា​ចុះ គឺ​ជា​១​ខ្ញឹង​ម្នាក់ តាម​ចំនួន​ពួក​អ្នក​រាល់​គ្នា គ្រប់​គ្នា​ត្រូវ​យក​ឲ្យ​ល្មម​ដល់​ពួក​អ្នក​ដែល​នៅ​ត្រសាល​របស់​ខ្លួន

17 ពួក​អ៊ីស្រា‌អែល​ក៏​ធ្វើ​ដូច្នោះ ខ្លះ​រើស​បាន​ច្រើន​ខ្លះ​បាន​តិច

18 តែ​កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​លើស​ទេ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គ្រប់​គ្នា​មាន​ល្មម​តែ​បរិភោគ​ឆ្អែត​ប៉ុណ្ណោះ

19 រួច​ម៉ូសេ​ប្រាប់​ថា កុំ​ឲ្យ​អ្នក​ណា​ទុក​ឲ្យ​សល់​ដល់​ព្រឹក​ឡើយ

20 តែ​គេ​មិន​បាន​ស្តាប់​តាម​ទេ ក៏​មាន​អ្នក​ខ្លះ​បាន​ទុក​នំ​នោះ​ដល់​ព្រឹក នោះ​ក៏​កើត​មាន​ដង្កូវ​មាន​ក្លិន​ស្អុយ ម៉ូសេ​ក៏​ខឹង​នឹង​គេ

21 គេ​ក៏​តែង‌តែ​រើស​រាល់​តែ​ព្រឹក​ឲ្យ​ល្មម​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា លុះ​ដល់​ថ្ងៃ​ក្តៅ នំ​នោះ​ក៏​រលាយ​ទៅ។