3 គេនិយាយនឹងលោកថា ស៊ូឲ្យយើងបានស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ ក្នុងកាលដែលយើងអង្គុយនៅជិតឆ្នាំងសំឡ ហើយបានទទួលទានបាយឲ្យឆ្អែត នោះជាជាង ដ្បិតដែលអ្នកបាននាំយើងមកក្នុងទីរហោស្ថាននេះ នោះគឺដើម្បីតែសំឡាប់ពួកជំនុំនេះទាំងអស់ដោយអត់ឃ្លានទេ។
4 បន្ទាប់នោះមក ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា មើល អញនឹងបង្អុរភ្លៀងជានំបុ័ងពីលើមេឃមកឲ្យឯងរាល់គ្នា ត្រូវឲ្យបណ្តាជនចេញទៅរើសឲ្យល្មមតែ១ថ្ងៃរាល់ៗថ្ងៃ ដើម្បីឲ្យអញបានល្បងលគេមើល តើគេនឹងដើរតាមច្បាប់របស់អញឬទេ
5 ដល់ថ្ងៃទី៦ នោះត្រូវឲ្យគេរើសលើសជាងធម្មតា១ជា២ យកទៅរៀបចំទុក។
6 ម៉ូសេ និងអើរ៉ុន ក៏ប្រកាសប្រាប់ ដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់ថា នៅល្ងាចនេះអ្នករាល់គ្នានឹងដឹងថា គឺជាព្រះយេហូវ៉ាហើយដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក
7 ហើយដល់ព្រឹកឡើង នោះអ្នករាល់គ្នានឹងឃើញសិរីល្អរបស់ទ្រង់ ដ្បិតទ្រង់បានឮសេចក្ដីដែលអ្នករាល់គ្នាត្អូញត្អែរនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វីដែលអ្នករាល់គ្នាត្អូញត្អែរនឹងយើងដូច្នេះ
8 ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
9 រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ