និក្ខមនំ 16:6-12 KHOV

6 ម៉ូសេ និង​អើរ៉ុន ក៏​ប្រកាស​ប្រាប់ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា នៅ​ល្ងាច​នេះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

7 ហើយ​ដល់​ព្រឹក​ឡើង នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌ល្អ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​នឹង​យើង​ដូច្នេះ

8 ម៉ូសេ​ក៏​ប្រាប់​ថា ល្ងាច​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់ ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ដល់​ព្រឹក​ឡើង​នឹង​ប្រទាន​នំបុ័ង​ឲ្យ​ចំអែត ដ្បិត​ទ្រង់​បាន​ឮ​ពាក្យ​ដំអូញ ដែល​អ្នក​រាល់​គ្នា​ត្អូញ​នឹង​ទ្រង់​ហើយ ឯ​យើង តើ​យើង​ជា​អ្វី ដែល​អ្នក​រាល់​គ្នា​ត្អូញ‌ត្អែរ​ដូច្នេះ នោះ​មិន​មែន​ត្អូញ‌ត្អែរ​ទាស់​នឹង​យើង​ទេ គឺ​នឹង​ព្រះ‌យេហូវ៉ា​វិញ។

9 រួច​ម៉ូសេ លោក​ប្រាប់​អើរ៉ុន​ឲ្យ​បង្គាប់​ដល់​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​ចូល​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ឮ​សេចក្ដី​ដំអូញ​របស់​អ្នក​រាល់​គ្នា​ហើយ

10 កាល​អើរ៉ុន​កំពុង​និយាយ​នឹង​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នោះ​គេ​ងាក​បែរ​ទៅ​ឯ​ទី​រហោ‌ស្ថាន ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ក្នុង​ពពក

11 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា

12 អញ​បាន​ឮ​សេចក្ដី​ត្អូញ‌ត្អែរ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ប្រាប់​គេ​ថា នៅ​ល្ងាច​នេះ ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​សាច់ លុះ​ដល់​ព្រឹក​ឡើង នោះ​នឹង​ចំអែត​ដោយ​នំបុ័ង ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ពិត។