8 ម៉ូសេក៏ប្រាប់ថា ល្ងាចនេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់ ឲ្យអ្នករាល់គ្នាបរិភោគ ហើយដល់ព្រឹកឡើងនឹងប្រទាននំបុ័ងឲ្យចំអែត ដ្បិតទ្រង់បានឮពាក្យដំអូញ ដែលអ្នករាល់គ្នាត្អូញនឹងទ្រង់ហើយ ឯយើង តើយើងជាអ្វី ដែលអ្នករាល់គ្នាត្អូញត្អែរដូច្នេះ នោះមិនមែនត្អូញត្អែរទាស់នឹងយើងទេ គឺនឹងព្រះយេហូវ៉ាវិញ។
9 រួចម៉ូសេ លោកប្រាប់អើរ៉ុនឲ្យបង្គាប់ដល់ពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា ចូរអ្នករាល់គ្នាចូលមកនៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់បានឮសេចក្ដីដំអូញរបស់អ្នករាល់គ្នាហើយ
10 កាលអើរ៉ុនកំពុងនិយាយនឹងពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ នោះគេងាកបែរទៅឯទីរហោស្ថាន ឃើញសិរីល្អនៃព្រះយេហូវ៉ាលេចមកក្នុងពពក
11 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅម៉ូសេថា
12 អញបានឮសេចក្ដីត្អូញត្អែរ របស់ពួកកូនចៅអ៊ីស្រាអែលហើយ ដូច្នេះ ចូរប្រាប់គេថា នៅល្ងាចនេះ ឯងរាល់គ្នានឹងបានបរិភោគសាច់ លុះដល់ព្រឹកឡើង នោះនឹងចំអែតដោយនំបុ័ង ដើម្បីឲ្យឯងរាល់គ្នាបានដឹងថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នាពិត។
13 លុះដល់វេលាល្ងាច នោះក៏មានសត្វក្រួចហើរមកគ្របនៅលើទីដំឡើងត្រសាល ហើយដល់ព្រឹកឡើង ក៏មានទឹកសន្សើមនៅជុំវិញ
14 កាលទឹកសន្សើមស្ងួតទៅហើយ នោះឃើញនៅពេញទាំងទីរហោស្ថាន សឹងដ៏មានគ្រាប់ល្អិតៗ ដែលមើលទៅបែបដូចទឹកសន្សើមកក ឡើងសស្គុសនៅលើដី