1 ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ
2 បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី
3 នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ និងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ
4 នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង