1 ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ
2 បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី
3 នៅទីនោះបណ្តាជនក៏ស្រេកទឹកជាខ្លាំង ហើយគេត្អូញត្អែរដាក់ម៉ូសេថា ហេតុអ្វីបានជាលោកនាំពួកយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីសំឡាប់យើង ព្រមទាំងកូនចៅ និងហ្វូងសត្វយើងផង ដោយស្រេកទឹកដូច្នេះ
4 នោះម៉ូសេក៏ស្រែកអំពាវនាវដល់ព្រះយេហូវ៉ាថា តើឲ្យទូលបង្គំធ្វើដូចម្តេចនឹងពួកនេះ គេចង់ចោលទូលបង្គំនឹងថ្មហើយ
5 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរឯងដើរទៅខាងមុនគេ ទាំងនាំពួកចាស់ទុំសាសន៍អ៊ីស្រាអែលទៅជាមួយ ហើយយកដំបងដែលឯងបានវាយទឹកទន្លេនោះ ជាប់នៅដៃផង
6 មើល អញនឹងឈរនៅមុខឯងនៅលើថ្មដាហូរែប ត្រូវឲ្យឯងវាយថ្មនោះ រួចនឹងមានទឹកចេញមកឲ្យគេផឹកហើយ នោះម៉ូសេក៏ធ្វើដូច្នោះ នៅមុខពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល
7 លោកឲ្យកន្លែងនោះឈ្មោះថា «ម៉ាសា» ហើយនឹង«មេរីបា» ដោយព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ាមើលផង ដោយថា តើព្រះយេហូវ៉ាទ្រង់នៅកណ្តាលពួកយើងរាល់គ្នាមែនឬ។