14 កាលឪពុកក្មេកម៉ូសេ បានឃើញអស់ទាំងការ ដែលលោកធ្វើសំរាប់ពួកបណ្តាជនដូច្នោះ នោះក៏សួរថា តើឯងធ្វើអ្វីដូច្នេះ ហេតុអ្វីបានជាអង្គុយតែម្នាក់ឯង ហើយបណ្តាជនគេឈរនៅចំពោះមុខឯង តាំងពីព្រឹកទាល់ល្ងាចយ៉ាងនេះ
15 ម៉ូសេក៏ឆ្លើយទៅឪពុកក្មេកថា ពីព្រោះគេមកឯខ្ញុំ ដើម្បីទូលសួរដល់ព្រះ
16 កាលណាគេមានរឿងអ្វី នោះគេតែងមកឯងខ្ញុំ ហើយខ្ញុំវិនិច្ឆ័យឲ្យគេ ព្រមទាំងប្រាប់ឲ្យគេដឹងអស់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់របស់ព្រះផង
17 ឪពុកក្មេកម៉ូសេក៏និយាយថា ដែលឯងធ្វើដូច្នោះ នោះមិនស្រួលទេ
18 ដ្បិតយ៉ាងនោះឯងនឹងថយកំឡាំងទៅ ព្រមទាំងកំឡាំងនៃបណ្តាជនដែលនៅជាមួយនឹងឯងផង ពីព្រោះការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ
19 ឥឡូវនេះ ចូរស្តាប់សិន អញនឹងទូន្មានឯងបន្តិច ក៏សូមឲ្យព្រះគង់ជាមួយនឹងឯងផង គឺឲ្យឯងបានឈរជាជំនួសបណ្តាជនទាំងឡាយនៅចំពោះព្រះ ដើម្បីនឹងនាំរឿងគេទាំងប៉ុន្មានទៅទូលដល់ទ្រង់
20 ហើយឯងនឹងបង្រៀនអស់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ដល់គេ ទាំងបង្ហាញផ្លូវដែលគេត្រូវដើរ និងការដែលគេត្រូវធ្វើដែរ