និក្ខមនំ 18:4-10 KHOV

4 ហើយ​១​ទៀត​ឈ្មោះ​អេលា‌ស៊ើរ ដ្បិត​លោក​ថា ព្រះ​នៃ​ឪពុក​អញ​ទ្រង់​បាន​ជួយ​អញ ក៏​បាន​ដោះ​អញ​ឲ្យ​រួច​ពី​ដាវ​របស់​ផារ៉ោន​ផង

5 យេត្រូ ឪពុក​ក្មេក​ម៉ូសេ និង​កូន​ទាំង​២ ព្រម​ទាំង​ប្រពន្ធ​ម៉ូសេ ក៏​នាំ​គ្នា​មក​ឯ​លោក​នៅ​ទី​រហោ‌ស្ថាន ត្រង់​កន្លែង​ដែល​ដំឡើង​ត្រសាល​នៅ​ជើង​ភ្នំ​នៃ​ព្រះ

6 យេត្រូ​ក៏​ផ្តាំ​ទៅ​ម៉ូសេ​ថា អញ យេត្រូ​ជា​ឪពុក​ក្មេក​ឯង​បាន​មក​ដល់​ហើយ បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ឯង​ទាំង​២​មក​ជា​មួយ​ផង

7 ដូច្នេះ​ម៉ូសេ​ក៏​ចេញ​ទៅ​ទទួល​ឪពុក​ក្មេក ក៏​ក្រាប​សំពះ​ហើយ​ថើប​លោក រួច​លោក​សាក​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​សេចក្ដី​សុខ​ទុក្ខ ហើយ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ត្រសាល

8 ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រា‌អែល និង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់

9 យេត្រូ​ក៏​មាន​សេចក្ដី​អំណរ ដោយ​អស់​ទាំង​សេចក្ដី​ល្អ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ដល់​ពួក​អ៊ីស្រា‌អែល ដោយ​ទ្រង់​បាន​ជួយ​ឲ្យ​គេ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ

10 ក៏​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​ទ្រង់​បាន​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​អេស៊ីព្ទ និង​ពី​កណ្តាប់​ដៃ​នៃ​ផារ៉ោន ព្រម​ទាំង​បណ្តា‌ជន ឲ្យ​រួច​ពី​ក្រោម​អំណាច​សាសន៍​អេស៊ីព្ទ​ផង