និក្ខមនំ 19:10-16 KHOV

10 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ

11 ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ

12 ត្រូវ​ឲ្យ​ឯង​ដាក់​កំណត់​គោល​ចារឹក​នៅ​ជុំវិញ ឲ្យ​បណ្តា‌ជន​គ្រប់​គ្នា ដោយ​ប្រាប់​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​ឡើង​ទៅ​លើ​ភ្នំ​ឡើយ កុំ​ឲ្យ​ទាំង​ជាន់​ដល់​ជើង​ភ្នំ​ផង ដ្បិត​អ្នក​ណា​ដែល​ជាន់​ដល់​ភ្នំ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន

13 នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ

14 ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា

15 រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។

16 លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃលែង រួច​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា