និក្ខមនំ 19:13-19 KHOV

13 នឹង​គ្មាន​ដៃ​អ្នក​ណា​ពាល់​ដល់​អ្នក​នោះ​ទេ គឺ​អ្នក​នោះ​នឹង​ត្រូវ​ចោល​នឹង​ថ្ម ឬ​បាញ់​នឹង​ព្រួញ​វិញ ទោះ​សត្វ​ឬ​មនុស្ស​ក្តី​ក៏​មិន​រស់​ដែរ កាល​ណា​ផ្លុំ​ស្នែង​ឮ​សូរ​វែង នោះ​ត្រូវ​ឲ្យ​គេ​ចូល​មក​ជិត​ភ្នំ

14 ម៉ូសេ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​ឯ​ពួក​ជន​រាល់​គ្នា​វិញ ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​គេ​ក៏​បោក​ខោ​អាវ​គ្រប់​គ្នា

15 រួច​លោក​បង្គាប់​គេ​ថា ចូរ​អ្នក​រាល់​គ្នា​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣​ចុះ កុំ​ឲ្យ​ទៅ​ជិត​ស្ត្រី​ឯ​ណា​ឲ្យ​សោះ។

16 លុះ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៣ នោះ​ក៏​មាន​ឮ​សូរ​ផ្គរ​មាន​ផ្លេក‌បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ព្រម​ទាំង​ឮ​សូរ​ផ្លុំ​ស្នែង​យ៉ាង​ខ្លាំង​ក្រៃលែង រួច​បណ្តា‌ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល ក៏​ញ័រ​រន្ធត់​ទាំង​អស់​គ្នា

17 នោះ​ម៉ូសេ​លោក​នាំ​គេ​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ទៅ​ជួប​នឹង​ព្រះ គេ​ឈរ​ដំរៀប​គ្នា​នៅ​ទី​ជើង​ភ្នំ

18 ឯ​ភ្នំ​ស៊ី‌ណាយ​ក៏​ហុយ​ផ្សែង​ឡើង​ពេញ​ទាំង​អស់ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​លើ​ភ្នំ​គង់​ក្នុង​ភ្លើង ផ្សែង​នោះ​ហុយ​ឡើង​ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង តួ​ភ្នំ​ទាំង​មូល​ក៏​កក្រើក​រំពើក​យ៉ាង​ខ្លាំង។

19 កាល​ឮ​សូរ​ស្នែង​កាន់​តែ​តន្ថើន​ខ្លាំង​ឡើង នោះ​ម៉ូសេ​ក៏​ទូល ហើយ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​តប​មក​លោក