និក្ខមនំ 19:5-11 KHOV

5 ដូច្នេះ​បើ​ឯង​រាល់​គ្នា​នឹង​ស្តាប់​តាម​អញ​ឥឡូវ ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ដាច់​ជា​របស់​ផង​អញ​លើស​ជាង​អស់​ទាំង​សាសន៍ ដ្បិត​ផែនដី​ទាំង​មូល​ជា​របស់​ផង​អញ

6 ឯង​រាល់​គ្នា​នឹង​បាន​ធ្វើ​ជា​នគរ​ដល់​អញ ដែល​សុទ្ធ​តែ​ជា​សង្ឃ ហើយ​ជា​សាសន៍​បរិសុទ្ធ​ឲ្យ​អញ​ដែរ គឺ​ពាក្យ​ទាំង​នេះ​ហើយ ដែល​ឯង​ត្រូវ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

7 នោះ​ម៉ូសេ​ក៏​មក​វិញ ហៅ​ប្រជុំ​ពួក​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន ប្រាប់​គេ​តាម​អស់​ទាំង​ពាក្យ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក

8 ឯ​ពួក​ជន​ទាំង‌ឡាយ គេ​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ម៉ូសេ​ក៏​នាំ​យក​ពាក្យ​របស់​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ

9 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ម៉ូសេ​ថា មើល អញ​មក​ឯ​ឯង​ក្នុង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​បណ្តា‌ជន​បាន​ឮ ក្នុង​កាល​ដែល​អញ​និយាយ​នឹង​ឯង ហើយ​ឲ្យ​គេ​បាន​ទុក​ចិត្ត​នឹង​ឯង​ជា​ដរាប នោះ​ម៉ូសេ​ក៏​ទូល​ដល់​ព្រះ‌យេហូវ៉ា​តាម​អស់​ទាំង​ពាក្យ​នៃ​ពួក​ជន។

10 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ទៅ​ឯ​ពួក​ជន ដើម្បី​នឹង​ញែក​គេ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ ហើយ​ថ្ងៃ​ស្អែក​ផង ត្រូវ​ឲ្យ​គេ​បោក​ខោ​អាវ​ដែរ

11 ហើយ​រៀប​ខ្លួន​ជា​ស្រេច​ឲ្យ​ទាន់​ថ្ងៃ​ទី​៣ ដ្បិត​នៅ​ថ្ងៃ​ទី​៣​នោះ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ឲ្យ​គេ​ឃើញ