10 លុះកូនមានវ័យធំឡើងកាលណា ក៏នាំវាទៅថ្វាយដល់បុត្រីផារ៉ោនវិញ ហើយវាបានទៅជាកូនរបស់នាងទៅនាងក៏ឲ្យឈ្មោះថា ម៉ូសេ ដោយថា អញបានស្រង់វាពីទឹកមក។
11 ក្នុងគ្រានោះ កាលម៉ូសេបានពេញក្តីជាមនុស្សហើយ នោះលោកចេញទៅឯពួកញាតិសន្តានខ្លួន ក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់ កំពុងតែវាយសាសន៍ហេព្រើរម្នាក់ ដែលជាសាច់ញាតិ
12 នោះលោកក្រឡេកមើលណេះ មើលណោះឃើញថា គ្មានអ្នកណាសោះ ក៏សំឡាប់សាសន៍អេស៊ីព្ទនោះ កប់ក្នុងខ្សាច់ចោលទៅ
13 ដល់ថ្ងៃក្រោយទៀត លោកចេញទៅឃើញសាសន៍ហេព្រើរ២នាក់កំពុងតែឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកនដូច្នេះ
14 អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឲ្យធ្វើជាចៅហ្វាយ ហើយជាចៅក្រមលើយើងរាល់គ្នា តើគិតសំឡាប់អញដូចជាបានសំឡាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី នោះម៉ូសេមានសេចក្ដីភិតភ័យណាស់ ដោយគិតថា ការនោះប្រាកដជាគេដឹងហើយ
15 រីឯផារ៉ោន កាលទ្រង់បានឮ នោះទ្រង់ក៏រកសំឡាប់ម៉ូសេ តែលោករត់ពីចំពោះទ្រង់ចេញទៅឯស្រុកម៉ាឌាន ហើយក៏ឈប់អង្គុយនៅជិតអណ្តូងទឹក១។
16 រីឯសង្ឃនៅស្រុកម៉ាឌាននោះ លោកមានកូនស្រី៧នាក់ នាងទាំងនោះមកដងទឹកទៅចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកផឹក