និក្ខមនំ 20:19-25 KHOV

19 គេ​និយាយ​នឹង​ម៉ូសេ​ថា សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​រាល់​គ្នា តែ​ខ្លួន​លោក​បាន​ហើយ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ​មាន​ព្រះ‌បន្ទូល​នឹង​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់

20 ម៉ូសេ​ក៏​តប​ថា កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើ​បាប​ឡើយ

21 ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។

22 ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បង្គាប់​ទៅ​ម៉ូសេ ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា ខ្លួន​ឯង​រាល់​គ្នា​បាន​ឃើញ​ថា អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា​ពី​លើ​ស្ថាន‌សួគ៌​មក

23 ដូច្នេះ មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ណា​ទៀត នៅ​ជា​មួយ​នឹង​អញ ទោះ​ទាំង​ព្រះ​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់ ក៏​មិន​ត្រូវ​ធ្វើ​សំរាប់​ខ្លួន​ឡើយ។

24 ត្រូវ​ឲ្យ​ឯង​យក​ដី​ស្អាង​អាស‌នា​ឲ្យ​អញ ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី ជា​ចៀម ហើយ​នឹង​គោ​របស់​ឯង នៅ​លើ​អាស‌នា​នោះ ឯ​អញ​នឹង​មក​ឲ្យ​ពរ​ដល់​ឯង​នៅ​គ្រប់​ទី​កន្លែង​ណា ដែល​អញ​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​អញ

25 បើ​ឯង​ស្អាង​អាស‌នា​ពី​ថ្ម ឲ្យ​អញ នោះ​កុំ​ឲ្យ​យក​ថ្ម​ដាប់​ឡើយ ដ្បិត​កាល​ណា​ឯង​យក​ពន្លាក​មក​ដាប់​ថ្ម នោះ​ឈ្មោះ​ថា​ឯង​បាន​ធ្វើ​ឲ្យ​ថ្ម​នោះ ទៅ​ជា​របស់​ដែល​មិន​ស្អាត​វិញ