និក្ខមនំ 21:21-27 KHOV

21 ប៉ុន្តែ​បើ​បាវ​នោះ​រស់​នៅ​បាន​២​ឬ​៣​ថ្ងៃ នោះ​មិន​ត្រូវ​ធ្វើ​ទោស​ដល់​ចៅ‌ហ្វាយ​ទេ ដ្បិត​បាវ​នោះ​ជា​របស់​ទ្រព្យ​ផង​គេ​ហើយ។

22 បើ​អ្នក​ណា​ឈ្លោះ​គ្នា ហើយ​ប៉ះ​ទង្គិច​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឲ្យ​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​ទេ នោះ​ត្រូវ​ធ្វើ​ទោស​ជា​មិន​ខាន តាម​បន្ទុក​ដែល​ប្ដី​របស់​នាង​ផ្ទុក​លើ​អ្នក​នោះ ហើយ​ត្រូវ​សង​គេ​តាម​ដែល​ចៅ‌ក្រម​កាត់​សំរេច​ឲ្យ

23 ប៉ុន្តែ​បើ​មាន​គ្រោះ​ថ្នាក់ នោះ​ត្រូវ​សង​ជីវិត​ឲ្យ​ធួន​នឹង​ជីវិត​វិញ

24 ត្រូវ​សង​ភ្នែក​ឲ្យ​ធួន​នឹង​ភ្នែក ធ្មេញ​ឲ្យ​ធួន​នឹង​ធ្មេញ ដៃ​ឲ្យ​ធួន​នឹង​ដៃ ជើង​ឲ្យ​ធួន​នឹង​ជើង

25 រលាក​ឲ្យ​ធួន​នឹង​រលាក របួស​ឲ្យ​ធួន​នឹង​របួស ជាំ​ឲ្យ​ធួន​នឹង​ជាំ​ដែរ។

26 បើ​អ្នក​ណា​វាយ​ត្រូវ​ភ្នែក​របស់​បាវ​ប្រុស​បាវ​ស្រី​ខ្លួន​ឲ្យ​ខ្វាក់ នោះ​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ ដោយ​ព្រោះ​ភ្នែក

27 ហើយ​បើ​វាយ​បំបាក់​ធ្មេញ​បាវ​ប្រុស​បាវ​ស្រី នោះ​ក៏​ត្រូវ​ឲ្យ​វា​រួច​ចេញ​ទៅ​ទទេ​ដែរ ដោយ​ព្រោះ​ធ្មេញ។