13 ត្រូវឲ្យប្រយ័ត្ន និងកាន់តាមអស់ទាំងសេចក្ដី ដែលអញបានប្រាប់ដល់ឯងរាល់គ្នា ហើយកុំឲ្យចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏កុំឲ្យឮចេញពីមាត់ឯងរាល់គ្នាឲ្យសោះ។
14 ក្នុង១ឆ្នាំ ត្រូវធ្វើបុណ្យថ្វាយអញ៣ដង
15 ត្រូវធ្វើបុណ្យនំបុ័ងឥតដំបែ គឺដល់កំណត់ក្នុងខែចេត្រ នោះត្រូវធ្វើនំបុ័ងឥតដំបែក្នុង៧ថ្ងៃ ដូចជាអញបានបង្គាប់មកហើយ ដ្បិតគឺនៅខែនោះហើយ ដែលឯងរាល់គ្នាបានចេញពីស្រុកអេស៊ីព្ទមក ហើយមិនត្រូវមកនៅមុខអញដោយដៃទទេឡើយ
16 ត្រូវឲ្យធ្វើបុណ្យចំរូត គឺជាផលដំបូងអំពីការឯងធ្វើ ដោយសាបព្រោះនៅដីរបស់ឯង ហើយនឹងបុណ្យប្រមូលផលដល់ចុងឆ្នាំ ក្នុងកាលដែលឯងបានប្រមូលផលកើតអំពីការរបស់ឯងធ្វើនៅចំការមក
17 គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។
18 កុំឲ្យយកឈាមរបស់យញ្ញបូជានៃអញ ថ្វាយជាមួយនឹងនំបុ័ងមានដំបែឡើយ ហើយមិនត្រូវទុកខ្លាញ់នៃដង្វាយនោះ តាំងពីល្ងាចដល់ព្រឹកទេ។
19 ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង។កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។