17 គឺក្នុង១ឆ្នាំ ត្រូវឲ្យពួកប្រុសៗ មកនៅចំពោះព្រះយេហូវ៉ា ជាព្រះអម្ចាស់ គ្រប់៣ដង។
18 កុំឲ្យយកឈាមរបស់យញ្ញបូជានៃអញ ថ្វាយជាមួយនឹងនំបុ័ងមានដំបែឡើយ ហើយមិនត្រូវទុកខ្លាញ់នៃដង្វាយនោះ តាំងពីល្ងាចដល់ព្រឹកទេ។
19 ឯចំណែកមុនបង្អស់ នៃផលដំបូង ដែលកើតពីដីរបស់ឯង នោះត្រូវនាំចូលទៅក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង។កុំឲ្យស្ងោរកូនពពែនឹងទឹកដោះរបស់មេវាឡើយ។
20 មើល អញចាត់ទេវតា១ឲ្យនាំមុខឯង ដើម្បីនឹងជួយទំនុកបំរុងឯងតាមផ្លូវ ហើយនឹងនាំទៅដល់ទីកន្លែងដែលអញបានរៀបចំទុកឲ្យ
21 ចូរប្រយ័ត្ន និងស្តាប់បង្គាប់តាមទ្រង់ កុំឲ្យបណ្តាលឲ្យទ្រង់ខ្ញាល់ឡើយ ដ្បិតទ្រង់មិនអត់ទោសការរំលងរបស់ឯងរាល់គ្នាទេ ពីព្រោះឈ្មោះអញនៅក្នុងទ្រង់
22 បើឯងប្រុងស្តាប់បង្គាប់ទ្រង់ ហើយប្រព្រឹត្តតាមសេចក្ដីដែលអញប្រាប់ទាំងប៉ុន្មាន នោះអញនឹងធ្វើជាសត្រូវដល់ពួកសត្រូវរបស់ឯង ហើយជាអ្នកតតាំងនឹងអស់អ្នកដែលតតាំងនឹងឯង
23 ដ្បិតទេវតាអញនឹងទៅមុនឯង ហើយនឹងនាំឯងទៅឯពួកសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍កាណាន សាសន៍ហេវី និងសាសន៍យេប៊ូស ហើយអញនឹងធ្វើឲ្យសាសន៍ទាំងនោះសាបសូន្យទៅ។