និក្ខមនំ 23:20-26 KHOV

20 មើល អញ​ចាត់​ទេវតា​១​ឲ្យ​នាំ​មុខ​ឯង ដើម្បី​នឹង​ជួយ​ទំនុក‌បំរុង​ឯង​តាម​ផ្លូវ ហើយ​នឹង​នាំ​ទៅ​ដល់​ទី​កន្លែង​ដែល​អញ​បាន​រៀប‌ចំ​ទុក​ឲ្យ

21 ចូរ​ប្រយ័ត្ន និង​ស្តាប់​បង្គាប់​តាម​ទ្រង់ កុំ​ឲ្យ​បណ្តាល​ឲ្យ​ទ្រង់​ខ្ញាល់​ឡើយ ដ្បិត​ទ្រង់​មិន​អត់​ទោស​ការ​រំលង​របស់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​ឈ្មោះ​អញ​នៅ​ក្នុង​ទ្រង់

22 បើ​ឯង​ប្រុង​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​អញ​ប្រាប់​ទាំង​ប៉ុន្មាន នោះ​អញ​នឹង​ធ្វើ​ជា​សត្រូវ​ដល់​ពួក​សត្រូវ​របស់​ឯង ហើយ​ជា​អ្នក​ត​តាំង​នឹង​អស់​អ្នក​ដែល​ត​តាំង​នឹង​ឯង

23 ដ្បិត​ទេវតា​អញ​នឹង​ទៅ​មុន​ឯង ហើយ​នឹង​នាំ​ឯង​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ។

24 កុំ​ឲ្យ​ក្រាប​ថ្វាយ‌បង្គំ​ឬ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​បំផ្លាញ​គេ​អស់​រលីង​វិញ ព្រម​ទាំង​បំបាក់​បំបែក​រូប​ព្រះ​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង

25 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​ឯង ហើយ​អញ​នឹង​ដក​ជំងឺ​រោគា​ពី​ពួក​ឯង​រាល់​គ្នា​ចេញ

26 នៅ​ក្នុង​ស្រុក​ឯង នឹង​គ្មាន​អ្វី​រលូត​កូន ឬ​នៅ​អារ​ឡើយ អញ​ក៏​នឹង​បំពេញ​អាយុ​របស់​ឯង​ឲ្យ​ពោរ‌ពេញ