6 កុំឲ្យបង្វែរសេចក្ដីយុត្តិធម៌ ក្នុងរឿងក្តីរបស់អ្នកក្រឲ្យសោះ
7 ត្រូវឲ្យចៀសចេញឲ្យឆ្ងាយពីរឿងក្លែងក្លាយ ឯមនុស្សដែលគ្មានទោស និងមនុស្សសុចរិត នោះកុំឲ្យសំឡាប់គេឡើយ ដ្បិតឯមនុស្សអាក្រក់ នោះអញមិនដែលរាប់ជាសុចរិតទេ
8 ក៏កុំឲ្យស៊ីសំណូកឲ្យសោះ ដ្បិតសំណូកតែងដឹកនាំមនុស្សភ្លឺឲ្យទៅជាខ្វាក់ ហើយក៏បង្ខូចពាក្យរបស់មនុស្សសុចរិតផង។
9 កុំឲ្យសង្កត់សង្កិនអ្នកប្រទេសក្រៅឡើយ ដ្បិតឯងរាល់គ្នាស្គាល់សណ្ឋានចិត្តរបស់អ្នកប្រទេសក្រៅហើយ ដោយធ្លាប់នៅស្រុកអេស៊ីព្ទ ជាអ្នកប្រទេសក្រៅដែរ។
10 ក្នុងរវាង៦ឆ្នាំ ត្រូវសាបព្រោះនៅដីឯង ហើយត្រូវច្រូតយកផលផង
11 តែដល់ឆ្នាំទី៧ នោះត្រូវឈប់លែង ហើយទុកដីឲ្យនៅទំនេរវិញ ដើម្បីឲ្យពួកមនុស្សទ័លក្របានចិញ្ចឹមជីវិតផង ហើយសំណល់សល់ពីគេ នោះសត្វនៅវាលទាំងប៉ុន្មាននឹងបានស៊ី ឯដំណាំទំពាំងបាយជូរ និងដំណាំអូលីវរបស់ឯង ក៏ត្រូវធ្វើដូច្នោះដែរ។
12 ក្នុង៦ថ្ងៃត្រូវធ្វើការរបស់ឯង ហើយដល់ថ្ងៃទី៧ត្រូវឈប់សំរាកវិញ ដើម្បីឲ្យគោ និងលារបស់ឯង បានសំរាកផង ហើយដើម្បីឲ្យកូនរបស់បាវស្រីឯង និងអ្នកប្រទេសក្រៅបានឈប់ដកដង្ហើមសិន