និក្ខមនំ 28:12-18 KHOV

12 ត្រូវ​ដាក់​ថ្ម​ទាំង​២​ដុំ​នោះ​នៅ​លើ​ខ្សែ​ស្មា​អេផូឌ ទុក​ជា​សេចក្ដី​រំឭក​ដល់​អស់​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច្នេះ​អើរ៉ុន​នឹង​ពាក់​ឈ្មោះ​គេ​នៅ​លើ​ស្មា​ទាំង​២ ទុក​ជា​សេចក្ដី​រំឭក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13 ត្រូវ​ឲ្យ​ធ្វើ​គ្រោង​មាស​សំរាប់​ដាំ​ថ្ម

14 ហើយ​ខ្សែ​មាស​សុទ្ធ​២ វេញ​ដូច​ជា​ខ្សែពួរ រួច​ភ្ជាប់​ខ្សែ​នឹង​គ្រោង​មាស​នោះ។

15 ត្រូវ​ធ្វើ​ប្រដាប់​បាំង​ទ្រូង​នៃ​ការ​វិនិច្ឆ័យ ឲ្យ​ត្រូវ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ ហើយ​តាម​របៀប​អេផូឌ​ដែរ គឺ​ធ្វើ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់

16 ត្រូវ​ឲ្យ​បាន​៤​ជ្រុង​ស្មើ បត់​ជា​២​ផ្នត់ បណ្តោយ​១​ចំអាម ទទឹង​១​ចំអាម

17 ហើយ​ត្រូវ​ដាំ​ត្បូង​៤​ជួរ​នៅ​ប្រដាប់​នោះ ក្នុង​ជួរ​ទី​១ មាន​ត្បូង​សាមស៊ី​១ ត្បូង​ទោបុ័ត​១ និង​បារកេត​១

18 ក្នុង​ជួរ​ទី​២ មាន​ត្បូង​មរកដ​១ ត្បូង‌កណ្តៀង​១ និង​ពេជ្រ​១