24 ហើយត្រូវបញ្ចូលខ្សែមាស២ក្នុងក្រវិលដែលនៅជាប់ចុងសងខាងនៃប្រដាប់បាំងទ្រូង
25 ហើយចុងខ្សែទាំង២ ត្រូវឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ
26 ឯងត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ
27 ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ
28 ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ
29 ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច
30 ត្រូវដាក់យូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។