27 ហើយត្រូវធ្វើក្រវិលមាស២ទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា ហើយខាងលើខ្សែអេផូឌដែរ
28 ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ
29 ដូច្នេះកាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ នោះនឹងពាក់អស់ទាំងឈ្មោះនៃពួកកូនអ៊ីស្រាអែល ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សំរាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច
30 ត្រូវដាក់យូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះអើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
31 ឯអាវវែងផងអេផូឌ នោះត្រូវឲ្យធ្វើពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់
32 នៅកណ្តាលអាវ នោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែកចេញ
33 នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស