21 ត្រូវឲ្យយកឈាមខ្លះដែលនៅលើអាសនា និងប្រេងទៅប្រោះលើអើរ៉ុន លើសំលៀកបំពាក់លោក លើពួកកូនលោក និងសំលៀកបំពាក់ពួកកូនលោកផង នោះលោកនឹងបានបរិសុទ្ធ ព្រមទាំងសំលៀកបំពាក់ ហើយពួកកូនលោក និងសំលៀកបំពាក់របស់គេដែរ
22 ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ និងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ និងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
23 ហើយត្រូវយកនំបុ័ង១ដុំ នំលាយប្រេង១ និងនំក្រៀប១ ពីនំឥតដំបែដែលនៅក្នុងកញ្ច្រែងនៅចំពោះព្រះយេហូវ៉ា
24 ទៅដាក់បាតដៃអើរ៉ុន ហើយបាតដៃនៃកូនលោក គ្រវីនំទាំងនោះទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា
25 រួចត្រូវយកទាំងអស់ពីដៃគេចេញទៅដុតនៅលើដង្វាយ ដែលកំពុងតែថ្វាយនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយថ្វាយព្រះយេហូវ៉ា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា
26 ត្រូវឲ្យយកទ្រូងចៀម១នោះ ដែលសំរាប់បុណ្យតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាដង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា នោះនឹងបានជាចំណែកដល់ឯង
27 ឯទ្រូង និងស្មារបស់ចៀម ដែលសំរាប់បុណ្យតាំងអើរ៉ុន និងកូនលោកឡើងជាសង្ឃ នោះត្រូវញែកជាបរិសុទ្ធ ដោយយកទ្រូងគ្រវីពីម្ខាងទៅម្ខាង ហើយដោយយកស្មាលើកថ្វាយចុះឡើង