15 ព្រះទ្រង់ក៏មានព្រះបន្ទូលនឹងម៉ូសេទៀតថា ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលដូច្នេះថា ព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុបទ្រង់បានចាត់ឲ្យខ្ញុំមកឯអ្នករាល់គ្នា នោះជាឈ្មោះអញនៅអស់កល្បជានិច្ច ហើយក៏សំរាប់ជាសេចក្ដីរំឭកពីអញ ដល់គ្រប់ទាំងដំណរៀងរាបតទៅ
16 ទៅចុះ ចូរទៅប្រមូលពួកចាស់ទុំជាតិអ៊ីស្រាអែល ប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃអយ្យកោអ្នករាល់គ្នា គឺជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ទ្រង់បានលេចមកមានព្រះបន្ទូលនឹងខ្ញុំថា អញបានមកប្រោសឯងរាល់គ្នាជាប្រាកដហើយ ក៏បានឃើញការដែលគេធ្វើដល់ឯងរាល់គ្នា នៅស្រុកអេស៊ីព្ទដែរ
17 ហើយអញបានសំរេចថា អញនឹងនាំឯងរាល់គ្នាឡើងចេញពីសេចក្ដីទុក្ខលំបាកនៅស្រុកអេស៊ីព្ទ ទៅក្នុងស្រុករបស់សាសន៍កាណាន សាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសវិញ ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ
18 គេនឹងស្តាប់តាមឯង ហើយឯង និងពួកចាស់ទុំជាតិអ៊ីស្រាអែល ត្រូវចូលទៅគាល់ស្តេចស្រុកអេស៊ីព្ទទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរ ទ្រង់បានមកជួបនឹងយើងខ្ញុំរាល់គ្នាហើយ ដូច្នេះ សូមឲ្យយើងខ្ញុំរាល់គ្នាទៅក្នុងទីរហោស្ថានចំងាយផ្លូវដើរអស់៣ថ្ងៃ ដើម្បីនឹងថ្វាយយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នា
19 តែអញដឹងថា ស្ដេចស្រុកអេស៊ីព្ទនឹងមិនព្រមអនុញ្ញាតឲ្យឯងរាល់គ្នាទៅទេ លើកតែដោយដៃខ្លាំងពូកែប៉ុណ្ណោះ
20 អញនឹងលើកដៃវាយស្រុកអេស៊ីព្ទ ដោយអស់ទាំងការអស្ចារ្យ ដែលអញនឹងធ្វើនៅកណ្តាលស្រុកនោះ ក្រោយនោះមក ស្តេចនឹងបើកឲ្យឯងរាល់គ្នាចេញទៅ
21 អញនឹងធ្វើឲ្យជនជាតិបានប្រកបដោយគុណនៃពួកសាសន៍អេស៊ីព្ទ ហើយកាលណាចេញទៅ នោះឯងរាល់គ្នានឹងមិនទៅដោយដៃទទេឡើយ